រដ្ឋាភិបាលកម្ពុជារៀបចំនាំមហាជនទៅកាន់​តំបន់អភិវឌ្ឍន៍ត្រីកោណ

Border pole

បង្គោលព្រំដែនកម្ពុជា

Get the SBS Audio app

Other ways to listen

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃខួបគម្រប់ ១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស ផ្តួចផ្តើមគំនិតរៀបចំ «កម្មវិធីកម្សាន្តទិសឦសាន ដោយឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤។


កម្មវិធីនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បានឃើញជាក់ស្តែងពីជីវភាពរស់នៅ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ពិសេស ៤ខេត្ត នៅតំបន់អភិវឌ្ឍត្រីកោណកម្ពុជាឡាវ និងវៀតណាម CLV រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃនេះ នឹងបើកឱកាសឲ្យមហាជនទូទៅ ជាពិសេសយុវជន បានទៅឃើញទិដ្ឋភាពជាក់ស្តែងពីជីវភាពរស់នៅ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។

( សំឡេង )

ចំពោះការរៀបចំដំណើរទស្សនកិច្ចរបស់មហាជន ទៅកាន់ខេត្តជាប់ព្រំដែនឡាវ និងវៀតណាមនេះ ត្រូវបានអ្នកស្រាវជ្រាវសង្គមនយោបាយ លោកបណ្ឌិត យង់ ពៅ បានស្នើឲ្យរាជរដ្ឋាភិបាល ត្រូវមានអ្នកជំនាញទៅជាមួយ ដើម្បីពន្យល់មហាជនលម្អិតពីវិធីសាស្ត្របោះបង្គោលព្រំដែន និងវិធីសាស្ត្រគូស និងចម្លងផែនទី ជាដើម ដើម្បីឲ្យអ្នកទៅទស្សនកិច្ច បានយល់កាន់តែច្បាស់ពីព្រំដែន។

( សំឡេង )

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ មូលនិធិនេះ បង្កើតឡើង ក្នុងគោលបំណងកៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន។

បន្ទាប់ពីប្រកាសភ្លាម មហាជន ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់មន្ត្រីជាន់ខ្ពស់ និងព្រះសង្ឃ បានចូលរួមបរិច្ចាគថវិកាយ៉ាងផុសផុល។

តាមរយៈមូលនិធិថ្មីនេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ជាស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិខ្មែរយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា រដ្ឋាភិបាល កាត់ ៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយ ឬទេ?

តាមលោក ហ៊ុន សែន ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អ សម្រាប់ការចូលរួមរបស់ពួកគេ ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងចែកដីជូនប្រជាជន ដែលគ្មានដី ទៅរស់នៅ និងតាំងទីលំនៅទីនោះ។

លោក ហ៊ុន សែន បន្ថែមថា ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជន ដែលនៅតាមព្រំដែន ដែលជាព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធ ដើម្បីការពារទៅទៀត។

លោក ហ៊ុន សែន ក្រៅពីប្រកាសអំពាវនាវ សូមជនរួមជាតិ ចូលរួមបរិច្ចាគថវិកា ក្នុងមូលនិធិថ្មីនេះ ទោះតិចក្តីច្រើនក្តី លោក ក៏ឆ្លៀតផ្តាំឱ្យអ្នកគាំទ្រលោក ជួយពិនិត្យមើល តើអ្នកចោទប្រកាន់ បានចូលរួមបរិច្ចាគថវិកា ឬទេ?។ លោក ហ៊ុន សែន បញ្ជាក់ថា នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរ សាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី៕


Share