កម្ពុជា​ឆ្លើយតប​ទៅអឺរ៉ុប​ចំពោះការ​ចាប់​ខ្លួន​ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃទី​ ១៨សីហា

Cambodian Human Rights Committee.jpg

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយ ប្រធានសហភាពអឺរ៉ុប ប្រចាំកម្ពុជាកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

Get the SBS Audio app

Other ways to listen

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំកម្ពុជា លោក អ៊ីហ្គ័រ ដ្រិសមេន ( Igor Driesmans ) ថា ការចាប់ខ្លួនបុគ្គលមួយចំនួន នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ១៨សីហា គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជាសុទ្ធសាធ ដោយសំអាងទៅលើអង្គហេតុ និងភស្តុតាងយ៉ាងជាក់លាក់ ហើយអាជ្ញាធរកម្ពុជា អនុវត្តវិធានការច្បាប់តែលើមេខ្លោងញុះញង់ឱ្យមានសកម្មភាពខុសច្បាប់ប៉ុណ្ណោះ។


ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងរាជធានីភ្នំពេញ លោក កែវ រ៉េមី បានលើកឡើងពីមូលហេតុនៃចាប់ខ្លួនបុគ្គលមួយចំនួន ពេលថ្មីៗនេះ គឺដោយសារអាជ្ញាធរសមត្ថកិច្ចកម្ពុជា បានរកឃើញភស្តុតាងរឹងមាំ និងជាក់លាក់ ដូចជា កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះ បានត្រៀមរៀបចំ និងកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ តួយ៉ាងដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

លោក កែវ រ៉េមី ដែលជាអតីតអ្នកនយោបាយបក្សប្រឆាំង បានបន្ថែមថា ផ្អែកលើភស្តុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់បុគ្គលទាំងនោះ គឺមានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ដូច្នេះ វិធានការរបស់អាជ្ញាធរកម្ពុជា គឺបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន សំដៅថែរក្សាស្ថិរភាពសង្គម សណ្តាប់សាធារណៈ និងសន្តិសុខជាតិ។ ម្យ៉ាងវិញទៀត វិធានការចាប់ និងបញ្ជូនខ្លួនបុគ្គលមួយចំនួន ទៅកាន់ស្ថាប័នតុលាការ គឺធ្វើឡើងចំពោះតែមេខ្លោងតែប៉ុណ្ណោះ រីឯបុគ្គល ដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេខ្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងដោះលែងឱ្យមានសិទ្ធិសេរីភាពវិញ។

គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ក៏បានប្រកាសថា ក្រោយពីបានស្តាប់ការពន្យល់បកស្រាយរបស់លោកកែវរ៉េមីខាងលើនេះ លោក អ៊ីហ្គ័រ ដ្រិសមេន ( Igor Driesmans ) ប្រធានសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបង្ហាញនូវការចាប់អារម្មណ៍ថា រាល់កិច្ចសន្ទនាជាមួយលោក កែវ រ៉េមី តែងតែមានលក្ខណៈបើកចំហក្នុងន័យស្ថាបនា ដោយលោក បានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះ នឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។

ប្រធានសហភាពអឺរ៉ុប ប្រចាំកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ហើយលោក នឹងបន្តគាំទ្រ និងជំរុញបន្ថែម ដើម្បីទាក់ទាញការវិនិយោគឱ្យកាន់តែច្រើនពីអឺរ៉ុប មកកម្ពុជា រួមទាំងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងអឺរ៉ុប ក្នុងអាណត្តិការងាររបស់លោក។

ទន្ទឹមនឹងនេះ លោកប្រធានសហភាពអឺរ៉ុប ប្រចាំកម្ពុជា ក៏បានបង្ហាញពីការយល់ឃើញមិនស្របគ្នាខ្លះ ជាមួយនឹងអាជ្ញាធរកម្ពុជា ចំពោះការអនុវត្តច្បាប់លើករណីមួយចំនួននាពេលថ្មីៗនេះ ជាពិសេសការឃាត់ខ្លួនយុវជន៣នាក់ ក្នុងពេលមកចូលរួមសិក្ខាសាលាមួយ ដែលរៀបចំដោយសហភាពអឺរ៉ុប ដោយលោក បានសំណូមពរឱ្យធ្វើការពិនិត្យពិចារណាលើករណីនេះ ក៏ដូចជា ករណីមួយចំនួនទៀតផងដែរ ដើម្បីបង្រួមគម្លាតនៃការយល់ឃើញមិនស្របគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតប លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ដោយសារតួនាទី ភារកិច្ច និងការទទួលខុសត្រូវផ្សេងៗគ្នា ជាសត្យានុម័ត នឹងនាំឱ្យមានការយល់ឃើញមិនស្របគ្នាលើបញ្ហាខ្លះ តែតាមរយៈការជួបជជែកពិភាក្សាគ្នា នឹងនាំឱ្យមានការយល់ពីគ្នាកាន់តែច្បាស់ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងផងដែរ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ការអនុវត្តច្បាប់ បានធ្វើឲ្យផែនការរបស់ក្រុមជ្រុលនិមល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃ១៨ សីហា ទទួលរងបរាជ័យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តច្បាប់របស់ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែសីហាកន្លងមកនេះ ទើបធ្វើឲ្យកម្ពុជា មានស្ថិរភាព មកដល់ពេលនេះ។ ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ៦៦នាក់ តែបានអប់រំ ហើយដោះលែងទៅវិញ ៥៧នាក់ និង ៩នាក់ ដែលជាមេខ្លោង ត្រូវបានបញ្ជូនទៅតុលាការ។

សូមរម្លឹកថា ព្រឹត្តិការណ៍ ថ្ងៃ១៨សីហា គឺជាកាលបរិច្ឆេទ ដែលក្រុមប្រឆាំង នៅក្រៅប្រទេស ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាក្រុមជ្រុលនិយម បានប្រកាសធ្វើបាតុកម្ម នៅកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន ម៉ាណែត។ គម្រោងធ្វើបាតុកម្ម មិនសម្រេចនោះ បានជ្រកក្រោមកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV-DTA៕


Share