រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ប្រកាសបន្តពង្រឹង​កិច្ច​សហប្រតិបត្តិការជាមួយកម្ពុជា

US secretary of Defense Lloyd J. Austin and Cambodian president of Senate Hun Sen.jpg

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J. Austin និង លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

Get the SBS Audio app

Other ways to listen

លោក ឡយ អូស្ទីន ( Lloyd James Austin III ) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា រយៈពេល ៥ម៉ោងកន្លះ គិតចាប់ពីម៉ោង ៩ព្រឹក លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងជាប្រធានព្រឹទ្ធសភា ជួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជួបប្រជុំផ្សេងគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា នៅក្រសួងការពារជាតិកម្ពុជា ដោយមានពិធីទទួលដោយកម្រាលព្រំក្រហម និងពិធីត្រួតពលផងដែរ។


ហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុនសែន បានផ្សព្វផ្សាយថា ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន បានចាត់ទុកជំនួបជាមួយលោក ហ៊ុន សែន នាពេលនេះ ជាឱកាស សម្រាប់ប្រទេសទាំងពីរ កែប្រែឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ។

លោក ឡយ អូស្ទីន បានគូសរំលេចថា បើទោះបីកម្ពុជា និងអាមេរិក មានបញ្ហាប្រឈមខ្លះយ៉ាងណាក្តី តែអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចំណែកលោក ហ៊ុន សែន បានឯកភាពចំពោះទស្សនៈប្រកបដោយភាពវិជ្ជមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងការខិតខំពង្រីកទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។

លោក ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងនាពេលកន្លងមក រវាងកម្ពុជា និងអាមេរិក មិនអាក្រក់ពេកនោះទេ ប៉ុន្តែដោយសារភាគីទាំងពីរ ខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។

លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការខ្វះខាតព័ត៌មាន និងការវាយតម្លៃខុស ធ្វើឱ្យភាគីទាំងពីរ មានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា និងមិនបានធ្វើការពិភាក្សាគ្នា។

លោក ហ៊ុន សែន ក៏បានសំណូមពរអាមេរិក កុំដាក់ប្រទេសកម្ពុជា ក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែង ដើម្បីប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

លោក ហ៊ុន សែន បានជម្រាបរដ្ឋមន្ត្រីការពារជាតិអាមេរិកថា អ្វីដែលកម្ពុជា មានកិច្ចសហ ប្រតិបត្តិការពីអតីតកាល មានដូចជា កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើជាមួយគ្នា តទៅទៀត។

លោក ឡយ អូស្ទីន ក៏បានឯកភាពនឹងការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងការធ្វើសមយុទ្ធជាមួយគ្នាឡើងវិញ ក្រោមប្រធានបទសង្គ្រោះគ្រោះមហន្តរាយ។ បន្ថែមពីលើនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានប្រកាសបន្តការបណ្ដុះបណ្តាលការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងផ្តល់អាហារូបករណ៍ផ្នែកយោធា ជូននិស្សិតកម្ពុជាផងដែរ។

ជាមួយគ្នានេះ នៅពេលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៤មិថុនានេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានលើកឡើងពីគោលបំណងរបស់លោក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើន ដែលប្រទេសទាំងពីរ អាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ ដោយសហរដ្ឋអាមេរិក នឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោករដ្ឋមន្រ្តីការពារជាតិអាមេរិក ក៏បានបង្ហាញក្តីសោមនស្សរីករាយ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក បន្តនូវកិច្ចសហប្រតិបត្តិការឡើងវិញ លើវិស័យមួយចំនួនជាមួយកម្ពុជា ដូចជា ការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និងកិច្ចប្រតិបត្តិការលើការធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក ជាដើម៕


Share