កម្ពុជាដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ

PASSPORT  CAMBODIA

ក្រសួងមហាផ្ទៃសាកល្បងផ្តល់សេវាលិខិតឆ្លងដែនខ្មែរតាមប្រព័ន្ធអនឡាញ។ Source: iStockphoto / NUKUL2533/Getty Images/iStockphoto

Get the SBS Audio app

Other ways to listen

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ បានប្រកាសពីគម្រោង ដាក់ឱ្យអនុវត្តសាកល្បងនូវការផ្ដល់សេវាលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ នេះ។


លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា ការផ្ដល់សាកល្បងនូវសេវាលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ នៅសប្ដាហ៍ក្រោយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ កាន់តែមានភាពងាយស្រួល។

( សំឡេង )

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មខាងលើនេះ ត្រូវបានធ្វើឡើងក្នុងបទសម្ភាសន៍ នៅស្ថានីយទូរទស្សន៍មហាផ្ទៃ MOI-TV ស្តីពី វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងឆមាសទី១ នៅឆ្នាំ២០២៤ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយពីនីតិវិធី និងការបំពេញបែបបទ ដើម្បីអាចធ្វើលិខិតឆ្លងដែន រួមមាន៖ ពលរដ្ឋ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ដែលបញ្ជាក់ថា សញ្ជាតិខ្មែរ និងឯកសារសម្គាល់គ្រួសារ ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីអត្តសញ្ញាណ សញ្ជាតិ និងទីលំនៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

ចំណែក កុមារ ដែលមានអាយុក្រោម ១៥ ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្ដាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសំបុត្រកំណើត។

បំពេញពាក្យសុំផ្តល់លិខិតឆ្លងដែនមួយច្បាប់ ផ្តិតស្នាមម្រាមដៃ ថតរូប យកភិនភាគស្លាកស្នាម និងសំភាសន៍ផ្ទាល់ នៅនាយកដ្ឋានលិខិតឆ្លងដែន ឬនៅកន្លែងធ្វើលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអល មល ទី២ នៅសែនសុខ ក្នុងរាជធានីភ្នំពេញ និងនៅខេត្តជាប់ព្រំដែនថៃ រួមមាន នៅសាខាប្រចាំខេត្តបាត់ដំបង នៅប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងនៅសាខាប្រចាំខេត្តកោះកុង។

លិខិតឆ្លងដែនធម្មតា ត្រូវបានផ្តល់ជូនពលរដ្ឋ ក្នុងរយៈពេលយ៉ាងយូរ ២០ថ្ងៃ នៃថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃ ដែលសាមីជន បានបំពេញបែបបទត្រឹមត្រូវ គ្រប់គ្រាន់ និងបង់អាករលិខិតឆ្លងដែន នៅបញ្ជរបង់ប្រាក់នៃនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែនប្រចាំតំបន់។

មនុស្សម្នាក់ មិនត្រូវអនុញ្ញាតិឲ្យផ្តល់ ឬប្រើប្រាស់លិខិតឆ្លងដែនធម្មតា លើសពីមួយឡើយ។

ចំពោះតម្លៃ និងពេលពេលវេលា ក្នុងការធ្វើលិខិតឆ្លងដែន ត្រូវបានកំណត់ ដូចខាងក្រោមនេះ៖ សម្រាប់មនុស្សចាស់ គឺអាយុចាប់ពី ១៥ឆ្នាំឡើង រួមមាន៖ ១. សេវារយៈពេល ១៥ថ្ងៃ តម្លៃ ០១ក្បាល ១០០ដុល្លារអាមេរិក ២. សេវារយៈពេល ៧ថ្ងៃ តម្លៃ ០១ក្បាល ១៥០ដុល្លារអាមេរិក និង៣. សេវារយៈពេល ១ថ្ងៃ តម្លៃ ០១ក្បាល ២០០ដុល្លារអាមេរិក។

សម្រាប់កូនក្មេង គឺអាយុក្រោម ១៥ឆ្នាំ រួមមាន៖ ១. សេវារយៈពេល ១៥ថ្ងៃ តម្លៃ ០១ក្បាល ៨០ដុល្លារអាមេរិក ២. សេវារយៈពេល ៧ថ្ងៃ តម្លៃ ០១ក្បាល ១២០ដុល្លារអាមេរិក និង៣. សេវារយៈពេល ១ថ្ងៃ តម្លៃ ០១ក្បាល ១៦០ដុល្លារអាមេរិក៕


Share