កម្ពុជា​សម្រេច​មិនចូលរួម​សន្និសីទកំពូលស្តីពីសន្តិភាពអ៊ុយក្រែន

ប្រធានសភាកម្ពុជា លោក ហ៊ុន សែន និងសមភាគីអ៊ុយក្រែន លោកRuslan Stefanchuk.jpg

ប្រធានសភាកម្ពុជា លោក ហ៊ុន សែន និងសមភាគីអ៊ុយក្រែន លោកRuslan Stefanchuk ជួបសន្ទនាតាមប្រព័ន្ធវីដេអូ។

Get the SBS Audio app

Other ways to listen

កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាសថា កម្ពុជា សម្រេចមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស នាថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនាខាងមុខនេះទេ។ ការសម្រេចរបស់កម្ពុជាដូច្នេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា មិនពាក់ព័ន្ធនឹងប្រទេសចិនឡើយ។


តាមបណ្តាញសង្គម កាលពីចុងសប្តាហ៍មុន លោក ហ៊ុន សែន បានឆ្លើយតបនឹងកាសែតបរទេសមួយ ដែលបានចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីស នាពេលខាងមុខ។ លោកថា គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនបើកម្ពុជា មិនបានចូលរួម។

លោក ហ៊ុន សែន ជាឪពុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តថា កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូ ជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម លោកក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធ ពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម។

លោក ហ៊ុន សែន បានរម្លឹកថា លោកបានប្រាប់ប្រធានសភាអ៊ុយក្រែន បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ីនឹងវាយខ្លាំង លើសមរភូមិយោធា។ លោកក៏និយាយបែបនេះ ទៅកាន់អគ្គនាយក CIA នៅថ្ងៃ ២មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅថ្ងៃ៤មិថុនា ពេលពួកគាត់ មកជួបជាមួយលោក។

លោក ហ៊ុន សែន ចោទសួរថា តើសម្ដីបែបនេះ ចិនណែនាំឲ្យលោកនិយាយ ឬកម្ពុជា មានសិទ្ធិនិយាយ?។

លោក បន្ថែមថា កម្ពុជា ជារដ្ឋឯករាជ្យ ហើយលោកបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ លោកមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់លោកឲ្យធ្វើនេះ ឬធ្វើនោះ តាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញ ពួកអ្នក ដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជា ធ្វើតាមខ្លួន រហូតប៉ះទង្គិចសម្ដីជាមួយលោក ជាញឹកញាប់។

លោក ហ៊ុន សែន បញ្ជាក់ថា ការសម្រេចចិត្ត មិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀត ចូលរួម ឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។

ជាចុងក្រោយ លោក ហ៊ុន សែន បានប្រកាសអំពាវនាវ ទៅជនបរទេសថា «សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជា មិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជា ទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ។

ចំពោះការសម្រេចចិត្តរបស់កម្ពុជា មិនទៅចូលរួមកិច្ចប្រជុំ ស្តីពី សន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស ពេលនេះ ត្រូវបានអ្នកតាមដានសង្គមនយោបាយកម្ពុជា លោកបណ្ឌិត គិន ភា លើកឡើងថា គឺជារឿងត្រឹមត្រូវ។

លោក គិន ភា បន្ថែមថា កិច្ចប្រជុំ ស្តីពី សន្តិភាពនៅអ៊ុយក្រែន នឹងមិនទទួលបានលទ្ធផលអ្វីទេ ដោយសារតែអវត្តមានគូទំនាស់ គឺរុស្ស៊ី ហើយក៏ហាក់ដូចជា ការកើតឡើងវិញនូវសង្គ្រាមត្រជាក់ ដែលជាការបែងចែករវាងអ្នកគាំទ្រលោកខាងលិច និងរុស្ស៊ី។ នោះគឺអ្នកទៅចូលរួមសន្និសីទនេះ ជាអ្នកគាំទ្រលោកខាងលិច ហើយអ្នកមិនទៅចូលរួមប្រជុំ គឺជាក្រុមអ្នកគាំទ្ររុស្ស៊ី។

( សំឡេង )៕

 


Share