កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល e-Arrival

Cambodia E-arrivals.jpeg

កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា "Cambodia e-Arrival"។

Get the SBS Audio app

Other ways to listen

កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិនិត្យការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival បង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាព នៅក្នុងប្រព័ន្ធ Cambodia e-Arrival ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបតែដាក់ឱ្យដំណើរការ នៅដើមខែកញ្ញានេះ។ ក្នុងនោះ លោកអ្នក មិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា តាមផ្លូវអាកាស ទៀតឡើយ។

នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ញើសារជាសំឡេងប្រកាសពីការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) និងលើកទឹកចិត្តអោយប្រជាពលរដ្ឋ ទាញយកកម្មវិធី Cambodia e-Arrival មកប្រើប្រាស់ ដើម្បីកាន់តែងាយស្រួល។

លោក ស សុខា៖ ( សំឡេង )

សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា ឬហៅថា Cambodia e-Arrival ចាប់ពីថ្ងៃទី១ ដើមខែកញ្ញា ឆ្នាំ២០២៤ នេះ ដើម្បីចូលរួមចំណែកដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដែលប្រទេសជឿនលឿន នៅលើពិភពលោក កំពុងប្រើប្រាស់។

កន្លងមក ប្រព័ន្ធ Cambodia e-Arrival បានដាក់ឱ្យប្រើសាកល្បង នៅតាមព្រលានយន្តហោះអន្តរជាតិធំៗទាំង៣របស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ។

កម្ពុជា ក៏ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ Cambodia e-Arrival នេះ នៅតាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀត ក្រោយដាក់ឱ្យអនុវត្ត នៅតាមព្រលានយន្តហោះអន្តរជាតិ ជាផ្លូវការ នាពេលនេះផងដែរ៕


Share